ខេត្តពោធិសាត់ ៖ សេចក្តីរាយការណ៍ព័ត៌មាន បានអោយដឹងជាបឋមថា នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ស្ពានដែកវែងមួយកន្លែង ឆ្លងកាត់ស្ទឹង នៅអូសោម ស្រុកវាលវែង ខេត្តពោធិសាត់ បានបាក់ស្រុតអស់មួយកំណាត់ ដោយសាររថយន្តដឹកថ្ម មួយគ្រឿងរបស់ក្រុមហ៊ុនចិន ។
លោកវីរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យអ្នកសារព័ត៌មានដឹងតាមរយៈទូរសព្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់បង្កឡើងដោយរថយន្តដឹកថ្មក្លាវ៉ែត របស់ក្រុមហ៊ុនចិនមួយ ដែលកំពុងធ្វើផ្លូវជាតិ លេខ១០ថ្មី ។
លោកអធិការនគរបាលស្រុកវាលវែង បានបន្តថា អ្នកបើកបររថយន្តដឹកថ្ម បង្កឲ្យបាក់ស្ពានវែងនេះ មានឈ្មោះវី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាកម្មករក្រុមហ៊ុនធ្វើផ្លូវថ្នល់ ។
ទោះជាយ៉ាងណា លោកអធិការ បានបញ្ជាក់ថា ករណីនេះ មិនបង្កឲ្យមានរបួសដល់អ្នកបើកបរ ឬអ្នកដទៃនោះឡើយ ។
បច្ចុប្បន្ន ក្រុមហ៊ុនចិន បាននិងកំពុងស្ទូចរថយន្តដឹកថ្ម ចេញពីស្ពាន ។ ចំពោះការធ្វើចរាចរណ៍ គឺអាចធ្វើដំណើរទៅមក បាននៅលើស្ពានថ្ម ដែលកំពុងសាងសង់ ប៉ុន្តែធ្វើដំណើរបានតែរថយន្តតូច និងម៉ូតូ តែប៉ុណ្ណោះ ៕