សមត្ថកិច្ចរាជធានីភ្នំពេញ ព្រមានចាប់ផាកពិន័យ យានយន្តដែលបំពាក់ឧបករណ៍ខុសបច្ចេកទេស បិទអក្សរ ឬរូបភាពមិនសមរម្យ
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ មីនា ២០២៣នេះ បានព្រមានចាប់ផាកពិន័យដល់ម្ចាស់យានយន្តទាំងឡាយណា ដែលបំពាក់ឧបករណ៍ខុសបច្ចេកទេស បង្កការរំខានដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសាធារណៈ ។
ដោយអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស ដាក់ស៊ីផ្លេ បំពងសំឡេងឮខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសំឡេងរំខាន កែច្នៃស៊ីម៉ាំងបំពងសំឡេងឮ (ស៊ីម៉ាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬដោះចេញជាបន្ទាន់ ! បើមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាប ចាប់ឃាត់ ដកហូត ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យ ទៅតាមវិធានការច្បាប់ ៕