ខេត្តសៀមរាប ៖ មុខសញ្ញាដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន២នាក់ ពីបទ.លួចនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចអាគុយកាណូត។
ជនសង្ស័យខាងលើនេះ ម្នាក់មានឈ្មោះ ឈន សុខេន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីអំពើលួចម៉ូតូ)។ និងម្នាក់ទៀតមានឈ្មោះ ចក់ ចៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅនៅភូមិទី៦ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប (ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបគ្រឿងញៀ.ន) និងពាក់ព័ន្ធនឹងករណី អំពើលួច (លួចអាគុយកាណូត) ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.នទៀត។ ចំណែកជនរងគ្រោះមានឈ្មោះ ឯល រ៉ូនី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចឲ្យដឹងថា កាលវេលាម៉ោង៣យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកំពង់ផែចុងឃ្នៀស ស្ថិតក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប មានករណីចោរលួចអាគុយកាណូតរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចដោះអាគុយម៉ាក GS ពណ៌ខៀវ.ស មានកម្លាំង១២០អំពែ ដោះយកចេញទៅបាត់ ខណៈពេលដែលម្ចាស់បានចតកាណូតទុក រួចចូលសម្រាកក្នុងលំនៅដ្ឋាន។
ក្រោយពីទទួលបបានណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាភ្លាម គឺពិតជាចោរមុខដដែល ដែលធ្លាប់ជាប់ពន្ធនាគារនោះ បន្ទាប់មកសមត្ថកិច្ចក៏បើកការស្រាវជ្រាវ និងស្វែងរកជនសង្ស័យទាំងពីរនាក់ខាងលើ ទើបឈានដល់ការឃាត់ខ្លួន និងចាប់បានវត្ថុតាង (អាគុយ) របស់ជនរងគ្រោះមកវិញផងដែរ។
ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើបានសារភាព «ពួកគេខ្លួនពិតជាបានធ្វើសកម្មភាពលួចអាគុយរបស់ប្រជាពលរដ្ឋនោះពិតមែន»។ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមុខសញ្ញាលួចអាគុយកាណូតទាំង២នាក់នេះ ទៅកាន់សលាដំបូងខេត្ត ដើម្បីតាមនីតិវិធីច្បាប់៕