រាជធានីភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ទៅលើបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នាកម្ពុជា កញ្ញា ម៉ៃ យ៉ា ដែលទើបតែទទួលបានជ័យលាភីនៅក្នុងកម្មវិធី Miss Queen Cambodia 2023 ដែលទើបតែបិទបញ្ចប់កាលពីថ្ងៃទី៨ ខែមីនាកាលពីកន្លងទៅ។ ហើយកាលពីពេលថ្មីៗនេះ ស្រីស្រស់ ម៉ៃយ៉ា បានទៅមង្គលការគេ រួចក៏ឆ្លៀតដាក់មួយបទ ធ្វើអោយអ្នកគាំទ្រលាន់មាត់ពេញរោងការតែម្តង ក្រោយពេលបកស្រាយបទ «ក្រមុំដេកយំ មេម៉ាយដេកសើច» ដែលជាសំនៀងដើមរបស់លោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ។
ជាការកត់សម្គាល់ មានបងប្អូនមហាជនជាច្រើននៅក្នុងកម្មវិធីមួយនេះ បាននាំគ្នារាំលេងយ៉ាងសប្បាយរីកជាមួយស្រីស្រស់ ម៉ៃយ៉ា ដែលបានធ្វើអោយកម្មវិធីមួយនេះ កាន់តែមានភាពអធិកអធម និងភាពអ៊ូរអរមួយកម្រិតទៀត។
តាមរយៈបទដែលកញ្ញាបានធ្វើការបកស្រាយនេះ មានបងប្អូនមហាជនជាច្រើននៅបណ្តាញសង្គម Tik Tok បានសរសើរថា ពីរោះ ជាមួយទេពកោសល្យដែលកញ្ញាមាន ទាំងរូបរាង និងសម្លេងពីធម្មជាតិ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយស្រីស្រស់ម្ចាស់ជ័យលាភីបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នារូបនេះ បាននិយាយថា «កញ្ញាពិតជាអគុណខ្លាំងណាស់ ដែលសរសើរពីខ្លួនកញ្ញា ក្រោយពេលដែលធ្វើការបកស្រាយបទមួយនេះរួច។ ទន្ទឹងនឹងការកោតសរសើរ ក៏មានរិះគន់ពីបងប្អូនមហាជនមួយចំនួនតូចផងដែរ ប៉ុន្តែមិនថី្វទេ សម្រាប់កញ្ញា ដោយកញ្ញានឹងទទួលយកការរិះគន់ទាំងអស់នេះ មកកែប្រែខ្លួនរបស់កញ្ញាអោយល្អប្រសើរឡើង ថែមមួយកម្រិតទៀត។ តាមរយៈបទដែលកញ្ញាបានធ្វើការបកស្រាយនេះ កញ្ញាក៏ពុំនឹកស្មានដែលថា ទទួលបានការគាំទ្រពីមហាជនច្រើន ព្រោះនេះអាចជាបទដែលកញ្ញាចូលចិត្ត ដូចជាបទ កន្ទ្រឹម និងសម័យជាដើម។
ស្រីស្រស់ ម៉ៃយ៉ា បានបន្តថា សព្វថ្ងៃនេះ កញ្ញាជាតារាសម្តែង និងតារាបង្ហាញម៉ូត សម្រាប់ទាក់ទងនឹងចម្រៀង កញ្ញាក៏ស្រឡាញ់ចូលចិត្ត ដោយអាចនិយាយបានថា ចម្រៀងក៏ជាផ្នែកមួយដែលមានភាពទាក់ទងផងដែរ។ ប៉ុន្តែកញ្ញាមិនធ្លាប់ប្រកួតផ្នែកចម្រៀងនោះទេ ដោយកញ្ញាគិតថា សម្លេងរបស់កញ្ញានៅមានកម្រិត ដូចដែលបងប្អូនមហាជនធ្លាប់រិះគន់កញ្ញាថា នៅស្ទើរកន្លែងនេះ និងកន្លែងនោះជាដើម។
គួររំលឹកផងដែរថា ស្រីស្រស់ ម៉ៃយ៉ា ក៏ធ្លាប់បង្ហាញសមត្ថភាពផ្នែកចម្រៀង ដោយការ Cover បទចម្រៀងជាច្រើនបទផងដែរ ដូចជាបទ «ផាមួងកទា» បទ«ប្រុសអើយប្រុសឆ្លាត» និងបទ «ទៅលេងអារញ្ញ» ជាដើម ដោយតាមរយៈបទទាំងអស់នេះ ក៏ទទួលបានការគាំទ្រជាច្រើនផងដែរពីសំណាក់មហាជន។
បើទាក់ទងជាមួយនឹងការប្រកួត ស្រីស្រស់ដែលជាម្ចាស់មកុដលេខ១ ម៉ៃ យ៉ា បានទម្លាយអោយដឹងថា កញ្ញានឹងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសឆាប់នេះៗ ដោយកញ្ញាបានធ្វើការសន្យាថា កញ្ញានឹងព្យាយាមពាំនាំអ្វីដែលខ្មែរមាន ជាពិសេសបង្ហាញសមត្ថភាពរបស់កញ្ញាអោយជាតិសាសន៍គេបានឃើញ។ ជាចុងក្រោយស្រីស្រស់ ម៉ៃយ៉ា អគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រកញ្ញា ទាំងការសរសើរ និងការរិះគន់ ទោះបីជាំកាលៈទេសៈណាក៏ដោយ ក៏កញ្ញាទទួលយកទាំងអស់ ដើម្បីអោយខ្លួនកញ្ញាទទួលនបានភាពជោគជ័យ៕